ទឹកធ្លាក់អូរតាវ៉ៅ មានស្ទឹងធម្មជាតិទឹកថ្លា និងផ្តល់ខ្យល់អាកាសត្រជាក់ ធ្វើឲ្យការមកកម្សាន្ត និងលំហែកាយ ពោពេញដោយភាពសប្បាយរីករាយ


ទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចំងាយប្រមាណជា ១០គីឡូម៉ែត្រ ពីទីរួមខេត្ត។ ដើម្បីទៅដល់ទីនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាម ផ្លូវជាតិលេខ ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅឡើងទៅប្រហែលជាង ១០០ ម៉ែត្រក្នុងខេត្តប៉ៃលិននោះ និងឃើញផ្លាកសញ្ញា បង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិខ្លុង ពីខាងឆ្វេងដៃ ហើយបត់ចូលទៅប្រមាណ ៧ គីឡូម៉ែត្រទៀត និងដល់កន្លែងរមណីយដ្ឋានធម្មជាតិ ទឹកថ្លាក់ក្បាលអូរតាវ៉ៅហើយ។

រមណីយដ្ឋាននេះមាន ស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះទឹកហូរធ្លាក់ លើល្បាក់ថ្មដាយ៉ាងខ្ពស់ ខ្យល់អាកាសត្រជាក់ ដល់ក្រអៅបេះដូង ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងសប្បាយរីករាយ។ ពិសេសនោះ គឺម្ចាស់វិនិយោគបានកែច្នៃខ្ចូស កន្លែងអង្គុយលេង នៅក្បែរមាត់ស្ទឹង អូរតាវ៉ៅជាច្រើនកន្លែង មានខ្ចូសអង្គុយ នៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចរ រង់ចាំក្រុមគ្រួសារ ចុះទៅលេងទឹកជ្រោះធ្លាក់ បែកផ្កាត្រែង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូ ធំទូលាយ ងាយស្រូលក្នុងការចត ដែលមិនធ្វើឲ្យមានការព្រួយបារម្ភ ពីការបាត់បង់អ្វីឡើយ។