(រតនគិរី)៖ រោងចក្រម្សៅមី «ជា ទូច» ត្រេឌីង នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងមមាញឹកទិញដំឡូងមីស្រស់ដោយមិនចាំបាច់ដឹកទៅលក់នៅប្រទេសជិតខាង តែត្អូញត្អែរថាខ្វះកម្មករដោយសារមានសង្វាក់ ផលិតកម្មច្រើន។

លោកស្រី ជា ទូច នាយិកាក្រុមហ៊ុន ជា ទូច ត្រេឌីង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា រោងចក្រម្សៅមីនេះ មានសង្វាក់ផលិតកម្មដ៏ធំតាមស្តង់ដាបរទេសដែលអាចទិញដំឡូង មីស្រស់មកកិនជាម្សៅមី សម្រាប់ចេញទៅក្រៅប្រទេស។

លោកស្រីបន្តថា ក្នុងមួយថ្ងៃៗក្រុមហ៊ុនអាចទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកមកពីបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង និងខេត្តរតនគិរី។

លោកស្រីថា រោងចក្រអាចផលិតដំឡូងមីស្រស់បានចំនួន ១,២០០តោន ទៅជាម្សៅមីបានចំនួន ៣០០តោន ក្នុងរយៈពេល២៤ម៉ោង។ ការទិញដំឡូងមីស្រស់ចូលរោងចក្រនៅថ្ងៃទី១៩ ខែកុម្ភៈ តម្លៃក្នុង១គីឡូក្រាម ៥០០-៥២០រៀល ទៅតាមទីផ្សារនៅប្រទេសវៀតណាម ហើយកាត់ចំនួន២១ភាគរយ ទៅតាមប្រភេទដំឡូងជាក់ស្តែង (ដីឫស កាកសំណល់ផ្សេងៗ) ហើយកម្មករជំនាញ និងកម្មករធម្មតាទទួលបានប្រាក់ខែសមរម្យ ដោយផ្តល់កន្លែងស្នាក់នៅ, ការហូបចុក និងឈឺស្កាត់ជាដើម។

លោកស្រី ជា ទូច បន្ថែមថា រោងចក្រនេះអាចផលិតម្សៅមីក្នុងមួយឆ្នាំៗប្រមាណ ២០០,០០០តោន សម្រាប់នាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។ តែទោះជាយ៉ាងណា លោកស្រីបានត្អូញត្អែរពីកង្វះកម្លាំងកម្មករ ហើយចំណាយច្រើនទៅលើថ្លៃអគ្គិសនី ការដឹកជញ្ជូនទៅប្រទេសចិន (ឆ្លងកាត់វៀតណាម) មិនសូវចំណេញទេ ប៉ុន្តែសល់កាកដំឡូងធ្វើជី, ធ្វើចំណីអាហារសត្វលក់បានថវិកាខ្លះ។

ជាងនេះទៀតលោកស្រី ជា ទូច ក៏បានអំពាវនាវប្រជាកសិករដាំដំឡូងមីទាំងអស់ ត្រូវគិតពីតម្លៃសេដ្ឋកិច្ចពោល គឺលក់ដំឡូងមីស្រស់ចំណេញជាងលក់ដំឡូងមីក្រៀម ហើយក្រុមហ៊ុនទទួលទិញគ្រប់រដូវតាមតម្លៃទីផ្សារ មិនចាំដឹក ទៅលក់ក្រៅប្រទេសទេ។ ចំណែកឯលោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រាប់ថា ផ្ទៃដីដាំដំឡូងមីសរុបទូទាំងខេត្តខេត្ត មាន១៨,៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករប្រមូលផលស្ទើរតែអស់១០០ភាគរយហើយ៕